សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស។ នេះបើតាម លោក ផ្លង់ សុផល អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ប្លង់សុផលបន្តថា ជនទាំងពីររូបនេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃាត់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ បន្ទាប់ពីពួកគេបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕