លោក ឥត សារ៉ាត់៖ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិនឆ្នាំនេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ

កំពង់ឆ្នាំង៖ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ អះអាងថា ការធ្វើសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ ២០២៣នេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាមួយឡើយ ហើយសមយុទ្ធនេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងសមត្ថភាព ដល់កងទ័ពកម្ពុជាតែប៉ុណ្ណោះ ។

ការអះអាងរបស់លោក ឥត សារ៉ាត់ធ្វើឡើង នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះ ក្នុងពេលលោកចុះពិនិត្យមើលការប្រុងប្រៀបរៀបចំមុនពិធីបើកជាផ្លូវការ នូវសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា-និងកងទ័ពរំដោះប្រជាជនចិន ឆ្នាំ២០២៣ នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

លោកបញ្ជាក់ថា ការធ្វើសមយុទ្ធនាគមាសឆ្នាំ ២០២៣នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិនហើយក៏ដើម្បីពង្រឹងសមត្ថភាព ដល់កងទ័ពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ការធ្វើលំហាត់សមយុទ្ធរួមគ្នានេះ ដើម្បីធ្វើឲ្យកងទ័ពកម្ពុជា ចំណេញច្រើន ដោយទទួលបានបទពិសោធន៍ចំណេះដឹង ចំណេះធ្វើ ជាច្រើនពីភាគីកងទ័ពរំដោះប្រជាជនចិន ទាក់ទងទៅនឹងសកម្មភាពនៃប្រតិបត្តិការសន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗនិងការងារមនុស្សធ៌ម,រួមទាំងរបៀបវីរៈផ្សេងៗគ្នាជាច្រើនទៀត រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ។

លោកបន្តទៀតថា ការធ្វើលំហាត់សមយុទ្ធនាគមាសនេះ គឺមិនមែនជាការដំឡើងសាច់ដុំ ឬគំរាមកំហែងដល់ប្រទេសណាមួយ ឬបុគ្គលណាមួយឡើយ ខណៈដែលប្រទេសជិតខាងកម្ពុជា ក៏មានការធ្វើសមយុទ្ធដូចគ្នានេះដែរ ដូចជាការធ្វើសមយុទ្ធរវាងកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្ត ជាមួយកងទ័ពប្រទេសថៃ ជាដើម ។

លោកបន្ថែមថាលំហាត់សមយុទ្ធនាគមាសនេះ ក៏នឹងមានការរៀបចំខ្លឹមសារសមយុទ្ធ ជាកម្លាំងទ័ពពិត ធ្វើការចល័តតាមទីតាំងដោយផ្សារភ្ជាប់ និងស្ថានភាពជាក់ស្ដែង ព្រមបែងចែកជាដំណាក់កាលនីមួយៗ ទៅតាមភាពជាក់ស្ដែង ។ លំហាត់នេះ នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយមានលក្ខណៈទ្រុងទ្រាយធំជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ។ តែជាអកុសលដោយសារកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលទទួលរងនៅបញ្ហាប្រឈមនៃវិបត្តិជាសាកលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ បានធ្វើឲ្យសមយុទ្ធ ដែលកងទ័ពប្រទេសទាំងពីរធ្លាប់បានធ្វើរហូតមកនោះ ត្រូវបានអាក់ខាន ។

បើតាម លោក ឥត សារ៉ាត់ តែសម្រាប់ឆ្នាំ ២០២៣ នេះ គឺជាឆ្នាំដំបូងនៃការចាប់ផ្ដើមសារជាថ្មីឡើងវិញ ជាលើកទី៥ សម្រាប់សកម្មភាពលំហាត់សមយុទ្ធនាគមាសកម្ពុជា-ចិន ក្រោមប្រធានបទ “ប្រតិបត្តិការ ការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការងារមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជាចិន”។ ដោយបានប្ដូរទីតាំងនៃការធ្វើសមយុទ្ធពីក្នុងភូមិសាស្ត្ររបស់ស្រុកជុំគីរី ខេត្តកំពត មកកាន់តំបន់ភូមិសាស្ត្ររបស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងវិញម្ដង ។

ដោយឡែកចំពោះសម្ភារៈយោធាដែលកំពុងដាក់តាំងនៅលើទីលាន ដើម្បីប្រុងប្រៀបបើកធ្វើលំហាត់សមយុទ្ធនាគមាសឆ្នាំ ២០២៣ នេះ មាន គ្រឿងចក្រដែលជាយោធូបករណ៍ប្រយុទ្ធរបស់យោធាភាគីកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ជាច្រើនគ្រឿង ដើម្បីធ្វើលំហាត់រួមគ្នា នាឆ្នាំ២០២៣ នេះជាលើកទី៥ ។

សូមរំលឹកថា លំហាត់សមយុទ្ធនាគមាសឆ្នាំ ២០២៣ នេះ មានរយៈពេល ២០ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ទើបបញ្ចប់ ។ រីឯពិធីបើកលំហាត់ និងរៀបចំធ្វើឡើងនៅថ្ងៃស្អែកនេះ ទី ២៣ ខែមីនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ចិន មិនទៀន (Chen Mintian) នាយរងសេនាធិការកងទ័ពជើងគោកតំបន់ភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ហើយនិងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ បន្ទាប់ពីសមយុទ្ធនេះត្រូវបានបញ្ចប់ ក្រោមវត្តមានរបស់សម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ លំហាត់សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី ៥ នេះ មានកងទ័ពភាគីចិនចូលរួមសមយុទ្ធចំនួន ២៥៧ នាក់ ក្នុងនោះមានកម្លាំងធ្វើសមយុទ្ធ ១៨៧ នាក់ និងក្រៅពីនោះជាក្រុមដឹកនាំសមយុទ្ធក្រុមទីបញ្ជាការនិងក្រុមធានា ៕

រីឯភាគីកងទ័ពកម្ពុជា មានកម្លាំងចូលរួមសរុប ២,៨៣១ នាក់ ។ ក្នុងនោះរួមមានកម្លាំងធ្វើលំហាត់ ៣៨២នាក់ កម្លាំងបម្រើការក្នុងលំហាត់ ចំនួន ៥៨៣ នាក់ ក្រុមទីបញ្ជាការ.និងក្រុមការងារធានា ។ ដោយឡែកក្នុងលំហាត់នាគមាសនេះដែរ ភាគទីទាំងពីរនឹងធ្វើសកម្មភាពរួមគ្នា ដែលរួមមានការហ្វឹកហ្វឺនលំហាត់ក្នុងទីបញ្ជាការ និងលំហាត់លើទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួនដូចជា÷ការចល័តចូលគ្រប់គ្រងតំបន់ទាំងមូល ការឆ្លើយតបសភាពការណ៍អាសន្ន ការរុករក និងបោសសំអាត និងការបញ្ជាកម្លាំងចូលប្រតិបត្តិការ។ដោយផ្ដោតសំខាន់គឺប្រតិបត្តិការចល័ត ការយាមកាមនិងគ្រប់គ្រងបិទខ្ទប់តំបន់ ការស៊ើបការណ៍ និងអង្កេតពីគ្រុបផ្នែក ការការពារឥស្សរជន ការរំដោះចំណាប់ខ្មាំង ការរក្សាសណ្តាប់ធ្នាប់នៅទីតាំង ការបោកសំអាតមីន ការធ្វើតេស្តជីវសាស្ត្រ ការដោះស្រាយបញ្ហាជំងឺឆ្លង ការតាមបោសសំអាតលើគោក និងការរៀបរយសម្រាប់ធ្នាប់ឡើងវិញដែលសរុបមាន ១១ យុទ្ធវិធីប្រតិបត្តិការ៕