សម្តេច ហ៊ុន សែន ៖ ម៉ៅ សុផាន់ នឹងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក ពេល ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្តាំទុកជាមុនទៅក្រុមអ្នកវិភាគដែលសម្តេចបានហៅថា ជាអ្នកវិភាគខ្វះចំណេះដឹងឲ្យបានដឹងថា នៅពេលលោក ហ៊ុន ម៉ាណែត ឡើងមកធ្វើជានាយករដ្ឋមន្រ្តីនាពេលអនាគត អ្នកដែលត្រូវនឹងឡើងមកកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកជំនួសនោះ គឺលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បច្ចុប្បន្នជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ។

ដោយសម្តេចថា មិនមែនជាលោក ហ៊ុន ម៉ានិត ដែលត្រូវឡើងមកជំនួសលោក ហ៊ុន ម៉ាណែតទេ ក្រោយលោកហ៊ុន ម៉ានិត កាន់តួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន កាលពីប៉ុន្មានថ្ងៃមុន ។

ថ្លែងចេញពីវេទិកាចែកសញ្ញាបត្រដល់ក្រុមនិស្សិត នាថ្ងៃ២២ មីនា សម្តេចតេជោបានមានប្រសាសន៍ថា “ខ្ញុំបញ្ជាក់ទុកឲ្យហើយ ក្នុងករណី ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលឡើងកាន់ជើងគោក គឺអនុជើងគោកបច្ចុប្បន្ន និងជាបញ្ជាការកងពល៧០ម៉ៅ សុផាន់ មិនមែនហ៊ុន ម៉ានិតទេ ។

សូមបញ្ជាក់ទុកជូនឲ្យហើយ កុំឲ្យប៉ាន់ស្មានតែផ្តេសផ្តាស ហើយត្រូវជឿជាក់នៅក្នុងកងទ័ព ។ ខ្ញុំមានសិទ្ធិនឹងចាត់ចែងបែបនេះ ដោយពិភាក្សាជាមួយអគ្គមេបញ្ជាការ និងរដ្ឋមន្រ្តីការពារជាតិ ។ នេះជាការរៀបចំ ហើយថ្ងៃក្រោយអ្នកទាំងនុង…ផាន់(លោក ម៉ៅ សុផាន់) ខ្ទង់៦០ប្លាយ” ។

សូមបញ្ជាក់ថា បច្ចុប្បន្ន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានអាយុ៦៨ឆ្នាំ ៕