ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊ុនស៊ិនប៉ិច បានប្រកាសគាំទ្រចំពោះ រាជរដ្ឋាភិបាល មានចំណាត់ការតាមផ្លូវច្បាប់ លើកលោក យឹម ស៊ីណន និង លោក ហ៊ុន កុសលដែលក្រុមប្រឆាំង និងជាមនុស្សស្និទលោក កឹម សុខា ដែលបានប្រមាថលើអង្គព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
ព្រះអង្គម្ចាស់នរោត្តមចក្រាវុធ បានមានបន្ទូលនៅថ្ងៃទី ២២ ខែមីនា នេះ ថា « សូមកុំដើម្បីតែផលប្រយោជន៍របស់ខ្លួន យកព្រះចេស្តាព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ ទៅប្រេីប្រាស់ខុសពីច្បាប់ដែលបានកំណត់ »។
ព្រះអង្គម្ចាស់បានមានព្រះបន្ទូលគាំទ្រ ចំពោះចំណាត់ការផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយកជនបង្កបទប្រមាថព្រះចេស្តារព្រះមហាក្សត្រមកកាត់ទោសតាមផ្លូវ លើបុគ្គលទាំងពីរខាងលើ។
លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដូច្នេះថា៖ «បើតាមសំឡេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេចផែនដីពិតប្រាកដ»។
ចំណែកលោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យនឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រ ខ្មែរគ្រប់ច្រកបែបនេះ។ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងបើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយរបស់ លោក យឹម ស៊ីណន, សម្តេច ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី»៕