លោកឯម រៀម៖ ម៉ូតដែលលោកពាក់ស្រង់តាមអ្វីដែលខ្មែរមានពីមុន

ភ្នំពេញ៖ ក្រោយមានការរិះ គន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គមហ្វេសបុកជុំវិញការស្លៀកពាក់មិនសមរម្យ លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូតដ៏ល្បីមួយរូប បានលើកឡើងថា « ម៉ូតដែលលោកពាក់បានស្រង់តាមអ្វីដែរខ្មែរមានពីមុន។

លោក ឯម រៀម ត្រូវបានគេស្គាល់ជាអ្នកច្នៃម៉ូដ ដ៏ល្បីល្បាញមួយរូប បាន ឱ្យដឹងតាមបណ្តាញសង្គមថា «ផ្ញើជូនបងប្អូនខ្លះដែលមិនទាន់យល់ពីការច្នៃម៉ូតហេតុអី ឯម រៀម ចេញដើមទ្រូងមិនបាន បើម៉ូតដែលពាក់យប់មិញដកស្រង់តាមអ្វីដែលខ្មែរមានពីមុន ហើយបើចង់ពាក់អោយដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លួនឯងផង»។

ពាក់ព័ន្ធនឹងបញ្ហានេះ ដែរ លោក ជុំ កុសល រដ្ឋលេខាធិក្រសួងព័ត៌មាន បានទទួលស្គាល់ដែរថា បើតាមលោកធ្លាប់ស្តាប់គាត់ផ្តល់កិច្ចសម្ភាសន៍កន្លងមក (ឯម រាម) គាត់គឺជាអ្នករៀនជំនាញច្នៃម៉ូតបែបស្រមើស្រមៃមកពីប្រទេសបារាំង ។

លោកបន្តថា « ការច្នៃបែបស្រមើស្រមៃនេះគឺច្នៃតាមអារម្មណ៍ស្រមើស្រមៃរបស់ខ្លួនដោយមិនចម្លងពីគេ »។

លោកបន្តថា « ឃើញគាត់ស្លៀកពាក់បែបនេះ ខ្ញុំឃើញបងប្អូនយើងមួយចំនួននាំគ្នាស្តីជេរគាត់ តែធាតុពិតគាត់ធ្វើបែបនេះគឺជាការបង្ហាញជំនាញរបស់គាត់ ដែលនៅកម្ពុជាយើងគ្មាននរណាអាចធ្វើបានដូចគាត់ទេ ។ សូមស្វែងយល់ឲ្យច្បាស់អំពីសិល្បៈវប្បធម៌ និងការឆ្នៃម៉ូតបែបស្រមើស្រមៃ ។ នៅអឺរ៉ុបគេស្លៀកប្លែកជាងនេះខ្លាំងណាស់ ។ ខ្ញុំសូមអធ្យាស្រ័យ មិនការពារគាត់ទេ គ្រាន់តែសុំឲ្យបងប្អូនសិក្សាស្វែងយល់និងបែងចែកឲ្យច្បាស់មុននឹងប្រតិកម្ម» ។

មួយក្នុងចំណោម អ្នករិះគន់ លោក ឯម រៀម គឺលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បាន ឱ្យលោក ឯម រៀម ពិចារណា ថា «បើទោះបីបងជាបណ្ឌិតច្នៃម៉ូតក៏ដោយ ក៏ អាចនៅមានភាពខ្វះខាតដែរ ដូចជាចំណុចម៉ូតក្នុងរូបបង មួយនេះគឺវាទាក់ភ្នែកសម្រាប់ជនបរទេស ប៉ុន្តែវាបានខ្ទាស់ ភ្នែកជនជាតិខ្មែរយើង ពីព្រោះថាវប្បធម៌របស់ខ្មែរយើងខុស ពីបរទេស។

លោកស្នើ ឱ្យលោក ឯម រៀម ពិចារណ៍ និងយកមតិរិះគន់ពីមហាជន ដើម្បីស្ថាបនា និងច្នៃមូដ តាមខ្មែរ ដូចទៅនឹង ការស្លៀកពាក់របស់តារាចម្រៀងវណ្ណ ដារ ពេលស្លៀកពាក់បែបខ្មែរ ឡើងសម្តែងដូច្នោះដែរ៕