សម្តេច ហ៊ុន សែន អំពាវនាវឲ្យអ្នករក្សាទុកវត្ថុបុរាណខ្មែរ ប្រគល់មកវិញ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ បន្តប្រគល់វត្ថុបុរាណទាំងនោះដោយស្ម័គ្រចិត្ត មកកម្ពុជាវិញ ។

ក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ នាថ្ងៃ១៧ មីនា សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ក្នុងសម័យនេះសន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ ប៉ុន្តែគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាពសម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ ។

សម្ដេចបន្ថែមថា បច្ចុប្បន្នកម្ពុជា កំពុងបន្តធ្វើការស្រាវជ្រាវប្រមូលភស្ដុតាង នៃសម្បត្តិវប្បធម៌ដែលត្រូវបានលួចចេញពីកម្ពុជា ដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ ចរចាដំណើរការ ដំណើរផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្នុងស្មារតីនេះខ្ញុំសូមអំពាវនាវ ដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុបុរាណទាំងនោះដោយស្ម័គ្រចិត្ត ជូនមកកម្ពុជាវិញ ។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជា ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លែថ្លា គួរឲ្យគោរព ជាការបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកកម្ពស់ ដល់វប្បធម៌នៃជាតិសាសន៍មួយ ដែលបានរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការផ្សះផ្សារ និងព្យាបាលរបួសផ្លូវចិត្ត របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងរងគ្រោះពីសោកនាដកម្ម នៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម» ។

សម្ដេចថ្លែងថា ពិធីដែលប្រារព្ធធ្វើនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដ នៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឲ្យឃើញ ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចារកម្ម និងចរាចរ និងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ ដើម្បីជាឧត្ដមប្រយោជន៍ សម្រាប់មនុស្សជាតិទាំងមូល ។

សម្ដេច ហ៊ុន សែន លើកឡើងថា កម្ពុជា ជាប្រទេសតូចមួយដែល ធ្លាប់បានឆ្លងកាត់សង្គ្រាម និងទទួលរងនូវភាគខ្ទេចខ្ទាំយ៉ាងដំណំ បច្ចុប្បន្នបានធ្វើសមាហរណកម្មខ្លួន បានយ៉ាងឆាប់រហ័ស ទៅក្នុងតំបន់និងអន្តរជាតិ ហើយកំពុងដើរតួនាទី យ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ នៅក្នុងកិច្ចការសកល នៃការអភិរក្សមរតក វប្បធម៌ និថអរិយធម៌របស់មនុស្សជាតិ ៕