សម្តេច ហ៊ុន សែន ៖ ៣នាក់ឪពុក-កូន ព្រះឥសូរ ព្រះគណេស និងព្រះស្កន្ទ បានជួបជុំគ្នាវិញហើយ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រោយបែកបាក់គ្នាអស់រយៈពេលជាច្រើនទសវត្ស ដោយសារមានការលួចចេញពីទឹកដីកំណើត ទៅកាន់ទីបរទេសនានានោះ ៣នាក់ឪពុក-កូន គឺព្រះឥសូរជាឪពុក បានជួបកូនទាំង២អង្គហើយ គឺព្រះគណេស និងព្រះស្កន្ទ ។

ការលើកឡើងរបស់សម្តេចនេះ បានធ្វើឡើងក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់កម្ពុជាវិញពីសហរដ្ឋអាមេរិក និងអង់គ្លេស នាព្រឹកថ្ងៃ១៧ មីនា ។ ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ ជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

បើតាមសម្តេច ហ៊ុន​ សែន “ព្រះឥសូរជាអាទិទេពដ៏កំពូលមួយនៅក្នុងព្រហ្មមញ្ញសាសនា និងជាឪពុក របស់បុត្រទាំង២ គឺព្រះស្កន្ទ និងព្រះគណេសដែលកំពុងគង់នៅអមសងខាងឪពុក(ក្នុងពិធីប្រគល់) នាពេលនេះ”។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ព្រះស្កន្ទក្នុងទម្រង់ជាកុមារ គឺជាទេពខាងសឹកសង្គ្រាម ឬជាមេទ័ព ដ៏អស្ចារ្យប្រចាំនៅឋានសួគ៌ដែលមានយាន្តជាសត្វក្ងោក ។ នៅសម័យបុរាណមានជំនឿទៅលើអង្គទេពនេះខ្លាំង ត្បិតជាបុត្រព្រះឥសូរដែលជាមេទ័ពដ៏ខ្លាំងពូកែដែលមានក្នុងចម្លាក់ និងសិលាចរឹក ។ ចំណែក ព្រះគណេសដែលមានក្បាលដំរី គឺជាទេពនៃបញ្ញាញ្ញាណ និងជំនៈឧបសគ្គទាំងឡាយ ដូច្នេះទើបព្រះអង្គឋិតនៅក្នុងចំណោមទេពមួយដែលត្រូវបានគេគោរពបូជាជាងគេនៅក្នុងសាសនាព្រហ្មមញ្ញ។

សម្តេច ហ៊ុន សែន បន្ថែមថា “ពេលនេះ គ្រួសារអាទិទេពមួយ ឪពុកនិងកូនទាំង២បានជួបជុំគ្នាឡើងវិញតាមរយៈបញ្ញាញ្ញាណដ៏ខ្ពស់បំផុត ក្នុងការស្វែងរកសន្តិសភាព ក្រោយពីបានបែកគ្នាអស់រយៈពេលជាង៤ទសវត្សកន្លងទៅ ដោយសារជនទុចរិតបានលួចចេញពីប្រាសាទកោះកេរ នៅក្នុងអំឡុងទសវត្ស១៩៧០ នៃសង្គ្រាម” ។

សម្តេចថា សូម្បីគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាពផងដែរ សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ ។

សូមបញ្ជាក់ថា ព្រះឥសូរ (ព្រះសិវៈ)ជាអាទិទេពបង្កើតលោក និងបំផ្លាញលោកផង។ព្រះអង្គមានព្រះនេត្របី ហើយព្រះនេត្រទាំងនេះតំណាងឲ្យព្រះអាទិត្យ ព្រះច័ន្ទ និងព្រះអគ្គិ ដែលបានផ្តល់ពន្លឺមកកាន់ផែនដី លំហអាកាស និងផ្ទៃមេឃ។ ព្រះអង្គអាចមើលឃើញបច្ចុប្បន្នកាល អតីកាល និងអនាគតកាលផងដែរ ព្រះនេត្រទី៣របស់ព្រះអង្គនៅលើថ្ងាសជាព្រះនេត្រដែលមានអំណាចដ៏អស្ចារ្យបំផុត។មានមហេសី៩អង្គ គឺនាងទុគា នាងឧមា នាងគោរី នាងគង្គា នាងកាលី នាងទេវី នាងកុមារី នាងចន្ទី និងនាងមហាទេវី ។ ព្រះអង្គមានបុត្រ២អង្គ គឺព្រះគណេស(ព្រះវិយនេស) ព្រះស្កន្ទកុមារ (ព្រះកត្រិកេយ)៕