សឹង្ហបុរី៖ ក្រុមហ៊ុន Royal Group Power Co.,Ltdតំណាងឱ្យកម្ពុជា និងក្រុមហ៊ុន Keppel Energy Pte.Ltd តំណាង ឱ្យប្រទេសសឹង្ហបុរីបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេសម្រាប់ការទិញ-លក់ថាមពលអគ្គិសនី ទៅកាន់ប្រទេសសឹង្ហបុរី។
ពិធីចុះហត្ថលេខាលើ ត្រូវបានធ្វើឡើងកាលពីពេលថ្មីនេះ ក្រោមវត្តមាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងមានការចូលរួមជាអធិបតីភាពពីលោក តាន់ ស៊ីឡេង រដ្ឋមន្ត្រីក្រសួងការងារ និងជារដ្ឋមន្រ្តីទី២ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសឹង្ហបុរី ។
បើតាមក្រសួងរ៉ែ និងថាមពល គម្រោងនេះ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលកម្ពុជា និងសឹង្ហបុរីរួមគ្នាអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី និងត្រៀមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យនៃការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន និងលើកកម្ពស់សន្តិសុខ និងចីរភាពថាមពលក្នុងតំបន់។
ក្រសួងបន្តថា កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយក្រោមក្របខណ្ឌនៃអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-សឹង្ហបុរី ហើយជាគម្រោងពាណិជ្ជកម្មថាមពលខ្នាតធំដំបូងរវាងកម្ពុជានិងសឹង្ហបុរី ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលគម្រោងនេះមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្មថាមពល និងសមាហរណកម្មលើវិស័យថាមពលអគ្គិសនីរវាងរដ្ឋសមាជិកអាស៊ានរួមមាន កម្ពុជា និងសឹង្ហបុរីផងដែរ និងស្របតាមផែនការមេតភ្ជាប់សហគមន៍អាស៊ាន២០២៥។
បើតាមក្រសួងថាមពល ជាជំហានដំបូង ក្រុមហ៊ុនទាំងពីរ នឹងធ្វើការសិក្សាសមិទ្ធិលទ្ធភាពពេញលេញ និងប្រមូលទិន្នន័យដែនសមុទ្រលើទីតាំងជាក់ស្តែង នៅក្នុងភូមិសាស្ត្រដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខកម្ពុជានៃគម្រោងខ្សែកាបកប់តាមបាតសមុទ្រ ដោយការងារនេះនឹងត្រូវចាប់ផ្តើមក្នុងអំឡុងខែមីនានេះ រហូតដល់ដំណាច់ឆ្នាំ២០២៣ ខាងមុខ។
ជាមួយគ្នានេះដែរ ប្រទេសទាំងពីរ បន្តបេ្តជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូ និងបើកលំហូរវិនិយោគឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឆ្ពោះទៅរកអព្យាក្រឹត្យកាបូននាពេលអនាគត ទន្ទឹមជាមួយនឹងការពង្រឹងសន្តិសុខថាមពល និងការកាត់បន្ថយកាបូនឱ្យបានដូចគ្នាក្នុងពេលតែមួយ ក៏ដូចជាសម្រេចឱ្យបាននូវចក្ខុវិស័យនៃការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន។