ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- រដ្ឋប៊ុលហា្គរី សម្រេចបានប្រមាណ ៨,១ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤ លានដុល្លារអាមេរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ល។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំកម្ពុជា ដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូត កាលពីថ្ងៃទី ១៥ ខែមីនា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ថ្លែងថា កម្ពុជាបានធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោក ក៏បានគូសបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ជាកិច្ចឆ្លើយតប លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំកម្ពុជាថ្លែងថា កិច្ចសហប្រតិបត្តិការនាពេលកន្លងមក រួមនឹងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតបានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានការរីកចំរើន។
លោកស្រីបន្តថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនិងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការលើកទឹកចិត្តដល់ពាណិជ្ជករនិងវិនិយោគិនប៊ុលហ្គារីឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។
ស្របគ្នាដែរ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តរ រដ្ឋាភិបាលស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានរំលេច ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយភាគីប៊ុលហ្គារី ដើម្បីផ្តល់សុខុមាលភាពសង្គមនិងសេដ្ឋកិច្ចជូនប្រជាជននៃភាគីទាំងពីរ និងបានជូនពរឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបាននូវភាពជោគជ័យគ្រប់ការបំពេញភារកិច្ចថ្មីទៀត នាពេលអនាគត៕