សម្តេច ហ៊ុន សែន ឱ្យព្រះអង្គចេក ព្រះអង្គចម កាច់បំបាក់-កដល់អ្នកបកស្រាយខុស ចំពោះឧបទ្ទវហេតុ នៃការឆេះព្រះរាជដំណាក់ខេត្តសៀមរាប

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានដាក់បណ្តាសារឱ្យព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណី និងកាច់បំបាក់ក ដល់អ្នកបកស្រាយខុស ចំពោះឧបទ្ទវហេតុ នៃការឆាបឆេះព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយ(BBU)សរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់នាថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២៣ នេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «សូមកុំមានការបកស្រាយណា លើសពីសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង បើបកស្រាយខុសពីការពិតទុកឲ្យព្រះអង្គចេកព្រះអង្គចមកាត់សេចក្ដីចំពោះការបកស្រាយហួសប្រមាណ ចំពោះហេតុការណ៍ឆេះព្រះរាជដំណាក់។

សម្តេចថ្លែងថា« វាទៅ ជារដ្ឋាភិបាលជាអ្នកដុត វាទៅជាគណបក្សប្រជាជនកម្ពុជាជា អ្នកដុត។ អីចឹងទេ ឥឡូវ យើងអត់មានធ្វើអីកើទេ អានេះ វានៅក្រៅប្រទេស បានវាហ៊ាននិយាយ បើនៅក្នុងប្រទេស វាយខ្នោះ ហ្អែងយកមង់ ហ្អែងមានភស្តុតាងមកពីណា »។

សម្តេចបន្តថា « ខ្ញុំនៅតែបន់ស្រន់ព្រះអង្គចេក ព្រះអង្គចម បារមីនៅទីនោះ តាមកាច់កុំប្រណីជាមួយនឹងអាអ្នកដែលបំភ្លៃការពិត ព្រោះឥឡូវ យើងវាអត់មានអីក្រៅពីហ្នឹង»។

បើតាមសម្តេច ហ៊ុន សែន អ្វីដែលរាជរដ្ឋាភិបាលភ័យខ្លាចបំផុត គឺមហន្តាយ ឆេះផ្ទះ ខណៈនៅថ្ងៃជាមួយគ្នានេះ ក៏មានការឆេះ នៅស្ទឹងមានជ័យបណ្តាមកផ្ទុះខ្សែភ្លើងផងដែរ ខណៈបញ្ហាអគ្គិភ័យនេះ ឆេះ ជារាល់ថ្ងៃ ។

ជាមួយគ្នានេះ សម្ដេច បានជំរុញឲ្យសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ពន្លឿនការជួសជុលព្រះរាជដំណាក់តូចដែលឲ្យបានលឿនតាមដែលអាចធ្វើបាន ទោះបីត្រូវចំណាយប៉ុន្មានក៏ដោយ។

ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសបញ្ជាក់ថា ករណីអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីម៉ោង ១០:០៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕