ភ្នំពេញ ៖ រដ្ឋបាលខេត្តតាកែវ បានអះអាងថា គ្មានករណីយកពូថៅកាប់ទៅលើទ្វារកញ្ចក់រថយន្តនារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នោះទេ ។ ការអះអាងក៏ដូចជាការបដិសេធនេះ ក្រោយមានការផ្សាយតាមហ្វេសប៊ុកភ្ជាប់រូបភាពកាប់កញ្ចប់រូបទ្វាររថយន្តមួយសន្លឹកថា “ម្តុំផ្សារសំរោងយ៉ាង ខេត្តតាកែវ នាថ្ងៃ១៤ មីនា”។
តាមបកស្រាយរបស់រដ្ឋបាលខេត្តធ្វើឡើងតាមរយៈលិខិតមួយច្បាប់ នាថ្ងៃ១៥ មីនា គឺថ្មីៗនេះមាន គេហទំព័រហ្វេសប៊ុកមួយចំនួន ជាពិសេសគេហទំព័រហ្វេសប៊ុករបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយព័ត៌មានមួយ ចំនួនពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខេត្តតាកែវដែលជាព័ត៌មាន មិនពិតគ្មានមូលដ្ឋាន ច្បាស់លាស់ មានចរិកភូតកុហក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិតក្នុងគោលបំណងទាញយកប្រយោជន៍ សម្រាប់ក្រុមខ្លួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងបាត់បង់ជំនឿចិត្តលើអាជ្ញាធរ។
លិខិតបន្តថា ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានគេហទំព័រនិងគណនីហ្វេសប៊ុកមួយចំនួនបានយក រូបភាព និងព័ត៌មានដែលបានកើតឡើងតាំងពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភ្នំសំពៅ ខេត្តបាត់ដំបង មកផ្សព្វផ្សាយបំភ្លៃថាជារឿងដែលកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិសាស្ត្រផ្សារសំរោងយ៉ាង ស្រុកបាទី ខេត្តតាកែវ ទៅវិញ។
រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិកញុះញង់ បំភ្លឺខុសពីការពិត នាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងធានាបាននូវស្ថេរភាពសង្គម ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព៕