សម្តេច ហេង សំរិន ស្នើទូតអូស្ត្រាលី ជំរុញពាណិជ្ជកម្មជាមួយកម្ពុជា

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើអគ្គរដ្ឋទូតថ្មីប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា បន្តការសិក្សានៅអូស្ត្រាលី។

ការស្នើនេះ ក្នុងឱកាសសម្តេចបានអនុញ្ញាតឲ្យ លោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះ លោកទូតថា អូស្រ្តាលី នឹងបន្តការគាំទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនទៀត មានទាំងវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆំាងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម។

សម្តេចហេង សំរិន គូសបញ្ជាក់ដែរថា បេសកកម្មការទូតរបស់ លោក ចាស្ទីន នៅកម្ពុជា ពិតជាមានសារៈសំខាន់ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការបន្តរឹតចំណងនៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

កម្ពុជា-អូស្រ្តាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥២។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានលើកកម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ ៕