ក្រុមការងារចម្រុះពន្ធដារ និងគយកម្ពុជា នឹងរឹបអូសនូវបារីដែលធ្វើចរាចរលើទីផ្សារបើមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី

ភ្នំពេញ៖ ក្រុមការងារ ចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារីរបស់អគ្គនាយកដ្ឋានពន្ធដារ(អពដ)និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)នឹងចាត់វិធានការតឹងរឹងស្របតាមច្បាប់និងបទប្បញ្ញត្តិ ដែលមាន ជាធរមាន ដោយត្រូវរឹបអូសនូវបារីដែលធ្វើចរាចរលើទីផ្សារ ដោយមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី ឬបិទតែមប្រិ៍ អាករប្រភេទចាស់ ឬបិទតែមប្រិ៍អាករក្លែងក្លាយ និងតម្រូវឱ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារីកាលពីពេលថ្មីៗលោក ភ សុមុនី ប្រធាននាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារ បញ្ជាក់ថា សិក្ខាសាលានេះ មានគោលដៅ បន្តផ្សព្វផ្សាយអំពីកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី និងការបោះពុម្ពផ្សាយសារព្រមានសុខភាពលើកញ្ចប់ ផលិតផលថ្នាំជក់។

លោក ម៉ិញ បានកុសល អគ្គនាយករង អពដ និងជាសហប្រធានក្រុមការងារចម្រុះតែមប្រិ៍ ថ្លែងថា កន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញ នូវប្រកាស និងបទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី ហើយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុក៏បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ស្របតាមស្ថានភាពនៃការប្រកបអាជីវកម្ម និងការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ។

លោកបន្តថាជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ១៤៨០ សហវ.ប្រក ស្តីពីការប្រើប្រាស់តែមប្រិ៍អាករសម្រាប់បង់អាករពិសេសលើផលិតផលបារី ដោយបានកំណត់ និងដាក់ឱ្យ ប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មីដែលមានសុវត្ថិភាពខ្ពស់ ព្រោះត្រូវបានធ្វើឡើងដោយក្រដាសមានគុណភាពល្អ ភ្ជាប់ជាមួយ QR Code ព្រមទាំងបង្កប់នូវចំណុចសុវត្ថិភាពសំខាន់ៗជាច្រើន ដែលមិនអាចថតចម្លងយកទៅប្រើប្រាស់បាន ឬក៏មិន ក្លែងបន្លំបាន។

លោកបន្ថែមថា បើផ្អែកតាមសារាចរលេខ ០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីខែសីហា ឆ្នាំ២០១៧តទៅ គ្រប់បារីដែលមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី នឹងមិនត្រូវអនុញ្ញាតឱ្យធ្វើចរាចរលើទីផ្សារឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដីក៏ អពដ និង អគរ នៅតែសង្កេតឃើញថា នៅមានបារីមិនមានបិទតែមប្រិ៍អាករប្រភេទថ្មីចរាចរនៅលើទីផ្សារដដែល។

លោកថ្លែងថា៖ «ដូចនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការផ្សព្វផ្សាយអប់រំម្ដងហើយម្ដងទៀត តាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ បារី អ្នកលក់ដុំ និងអ្នកលក់រាយ ដោយចែកខិត្តបណ្ណផ្សព្វផ្សាយ និងលិខិតជូនដំណឹងលេខ ០០១ សហវ.អពដ និង លិខិត ០១៤ សហវ.អពដ ហើយក៏ធ្លាប់បានអញ្ជើញអាជីវករមកចូលរួមសិក្ខាសាលាដោយផ្ទាល់ផងដែរ»។

លោកក៏បានស្នើដល់សហគ្រាសប្រកបអាជីវកម្មលើផលិតផលបារីទាំងអស់ ឱ្យចូលរួមប្រកាស បង់ពន្ធលើប្រាក់ចំណូលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងរងនូវការកំណត់ពន្ធឡើងវិញដោយការធ្វើសវនកម្ម ឬការស៊ើបអង្កេតបទល្មើសពន្ធដារដែលត្រូវទទួលរងនូវការពិន័យ ឬទោសទណ្ឌផ្សេងៗយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអាចឈាន ដល់ចោទប្រកាន់ពីបទល្មើសលាងលុយ ដែលត្រូវទទួលរងនូវទោសព្រហ្មទណ្ឌថែមទៀតផង៕