ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនដំឡើងថ្លៃអគ្គិសនី ទោះបីប្រទេសជិតខាង ចាប់ផ្ដើមឡើងថ្លៃលើសពីកម្ពុជាក៏ដោយ។
នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ បានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានថ្លែងឲ្យដឹងថា ការមិនដំឡើងថ្លៃនេះ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។
សម្ដេចបញ្ជាក់ថា «អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាអត់ឡើងថ្លៃទេ។ ពីមុនប្រទេសជិតខាងរបស់យើង អគ្គិសនីថោកជាងយើង ឥឡូវប្រទេសជិតខាងរបស់យើង ចាប់ផ្តើមឡើងថ្លៃលើសយើងហើយ តែយើងឲ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ»។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ដ្រី ក៏លើកឡើងថា ការបង្កើតវារីអគ្គិសនី នៅតែជាជំរើសល្អមួយក្នុងចំណោមជម្រើសនានា ដើម្បីទាញយកថាមពលអគ្គិសនី ខណៈប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយ។
សម្ដេចបន្ដថា ឥឡូវនៅទូទាំងប្រទេសភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់៩៩ ភាគរយហើយ។ សម្ដេចថា «សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗជូនប្រជាពលរដ្ឋ»។
សម្ដេចបានបន្ថែមទៀតថា បច្ចុប្បន្ននៅមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់។ កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា៕