ភ្នំពេញ៖ ករណីប្លន់យករថយន្តព្រូសមួយគ្រឿងមិនបានសម្រេច ហើយបើករថយន្តធ្លាក់ចូលទឹកប្រឡាយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥ នាទី រសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅចំនុចប្រឡាយ៦២ ភូមិកណ្តុរ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានមកចរចារទិញរថយន្តម៉ាកព្រូសព៍ណសមួយគ្រឿងពីជនរងគ្រោះនៅចំនុចភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណ:ពេលដែលត្រូវរ៉ូវតម្លៃគ្នារួចរាល់ហើយនោះ ជនសង្ស័យបានសុំសាករថយន្តដោយឲ្យជនរងគ្រោះអង្គុយកៅអីមុខក្បែគ្នា ។
សមត្ថកិច្ចបន្តថា លុះបើករថយន្តដល់ផ្លូវស្ងាត់ជនសង្ស័យខាងលើបានយកស្រ្ពៃយ៍បាញ់បញ្ចូលភ្នែកជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះក្រហាយភ្នែកមើលផ្លូវមិនឃើញហើយក៏បានប្រតាយប្រតប់គ្នាពេញក្នុងរថយន្ត ហើយជនសង្ស័យបានព្យាយាមបើករថយន្តរត់គេចនិងរុញជនរងគ្រោះទម្លាក់ចេញពីលើរថយន្ត ស្របពេលនោះក៏មានរថយន្តដឹកដីនៅខាងមុខ និងស្ថានភាពផ្លូវតូចចង្អៀតផងនោះធ្វើឲ្យជនសង្ស័យមិនអាចបើករថយន្តឲបន្តទៅមុខទៀតបាន ក៏បានសម្រេចចិត្តបើករថយន្តទម្លាក់ចូលទឹកប្រឡាយ ហើយក៏បានបើកទ្វាររថយន្តឡើងគោកហើយរត់ចូលព្រៃបាត់ស្រមោល។
ចំណែកជនរងគ្រោះបានស្រែកហៅឲ្យគេជួយដោយប្រាប់ថាមានចោរប្លន់រថយន្តរបស់គាត់ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោបានចុះដល់ទីតាំងកើតហេតុខាងលើនិងធ្វើការរុរកឡោមព័ទ្ធស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕