ភ្នំពេញ ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Wayatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃ១៣ មីនានេះ បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងកម្ពុជា-អូស្ត្រាលីឲ្យកាន់តែរឹងមាំបន្ថែមទៀត ។
ក្នុងអាណត្តិជាឯកអគ្គរដ្ឋទូតនៅកម្ពុជា លោក ចាស្ទីន ខេវិន វ៉ាយអេត នឹងប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ៖ ជំរុញពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាង , អ្នកវិនិយោគនិងអ្នកវិនិយោគ , ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម លើវិស័យសុខាភិបាល , លើវិស័យដោះមីនធ្វើយ៉ាងណាជួយគាំទ្រកម្ពុជាឲ្យបានសម្រេចនូវគោលដៅប្រទេសគ្មានមីននៅឆ្នាំ២០២៥ , កិច្ចសហប្រតិបត្តិការលើវិស័យសង្គមកិច្ច , វិស័យលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស , វិស័យការពារជាតិ និងវិស័យទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀនជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។
ជាការឆ្លើយតប សម្ដេច ការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសលើវិស័យកសិកម្មដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀតក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខមួយនិងពូជស្រូវដទៃទៀត។
សម្ដេចបន្តថា រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីបានជួយកម្ពុជាលើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត ៕ ដោយ៖ រិន ចំរើន