លោក ហ៊ុន ម៉ាណែត ៖ សម រង្ស៊ី អស់អ្វីយកមកវាយប្រហារ ទើបខំប្រឌិតរឿងប្លែកៗ មកបំបែកផ្ទៃក្នុងបក្សប្រជាជន

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ី អស់មានអ្វីនឹងលើកយកមកវាយប្រហារហើយ ទើបបានជាខំប្រឹងច្នៃប្រឌិតរឿងមកវាយបំបែកបំបាក់ផ្ទៃក្នុងបក្សប្រជាជនកម្ពុជា ។

ការលើកឡើងរបស់បេក្ខជននៃអនាគតនាយករដ្ឋមន្រ្តីកម្ពុជានេះ បន្ទាប់ពី លោក សម រង្ស៊ីបានបង្ហាញក្នុងហ្វេសប៊ុកគាំទ្រលោក ទៀ សីហាកូនប្រុសសម្តេច ទៀ បាញ់ ជាអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ជំនួសលោក ។ ប៉ុន្តែក្រោយចេញផ្សាររបស់អតីតមេបក្សប្រឆាំងរូបនេះ ទាំងសម្តេចទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា ក្រសួងការពារជាតិ និងលោក ទៀ សីហា ផ្ទាល់បានប្រតិកម្មប្រឆាំងចំពោះសារនយោបាយរបស់លោក សម រង្ស៊ី ។

លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពផ្ទាល់នៃអនាគតនាយករដ្ឋមន្រ្តីនាថ្ងៃ១៣ មីនា នេះក៏បានចេញសារប្រតិកម្មតបវិញផងដែរ ។ លោកថា “មើលទៅមជ្ឈដ្ឋានប្រឆាំង អស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ ។ រហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចរចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)” ។

លោកក៏សង្ឃឹមថា ការបញ្ជាក់របស់សម្តេច ទៀ បាញ់ និងក្រសួងការពារជាតិ អាចឲ្យមហាជនបានដឹងច្បាស់អំពីការពិត។

លោក សម រង្ស៊ី កាលពីថ្ងៃ១០ មីនា បានលើកឡើងថា “ក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលបានទទួលសំឡេងសន្លឹកឆ្នោត៤៤% ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ និងថ្នាក់ឃុំ-សង្កាត់ ឆ្នាំ ២០១៧ ខ្ញុំ សម រង្ស៊ី សូមគាំទ្របេក្ខភាពលោក ទៀ សីហា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិរដ្ឋសភាទី ៧ គឺពីឆ្នាំ ២០២៣ ដល់ ២០២៨។ ប្រជារាស្ត្រខ្មែរដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នា ជុំវិញលោក ទៀ សីហា, លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌” ។

ចំពោះករណីនេះ សម្តេច ទៀ បាញ់ បានប្រឆាំងដាច់ខាត។ សម្តេចថា នេះគឺសារមានលក្ខណៈញុះញង់បំបែកបំបាក់ជាតិ ។ សម្តេចថា “ខ្ញុំនិងក្រុមគ្រួសារនៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត”៕