កម្ពុជា-អូស្ត្រាលី មានទំហំពាណិជ្ជកម្ម ជាង៥០០លានដុល្លារ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលី បានកើនឡើងជាលំដាប់ពីចំនួន២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់៥២៣លានដុល្លារ ក្នុងឆ្នាំ២០២២។

នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។

លោករដ្ឋមន្រ្តីក៏បានបន្តថា កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) មានទំហំហិរញ្ញប្បទានឥតសំណងប្រមាណ៨៧លានដុល្លារអូស្រ្តាលី (ប្រមាណ ៦៥ លានដុល្លារ)។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានបន្តផ្តល់ ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕