រដ្ឋាភិបាលប្រកាសបិទបញ្ចប់ផ្តល់សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសបិទបញ្ចប់ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។

តាមសេក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នេះ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១០ ខែមីនា ២០២៣ ដោយបានបើកផ្ដល់ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។

ក្នុងនោះ រដ្ឋាភិបាលបានផ្តល់ដល់ប្រភេទក្រុមគ្រួសារគោលដៅដែលមានហានិភ័យចំនួន ៥ រួមមាន ១-គ្រួសារ ២-សមាជិកគ្រួសារ ៣- កុមារអាយុ 0-៥ ឆ្នាំ ៤- ជនមានពិការភាព ក្នុងម្នាក់ និង៥-មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំ ដែលសរុបទឹកប្រាក់សរុប ចំនួន ៤៦ ៧៩៩ ០៨៨ ០០០ រៀល ។

ក្រសួងសង្គមកិច្ចបានប្រកាសបិទបញ្ចប់ការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់នេះ ដោយទុករយៈពេល ១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ករណី មានបណ្ដឹងតវ៉ាណាមួយរបស់អ្នកទទួលផល។

ដោយឡែកសម្រាប់អ្នកទទួលផលទាំងអស់ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរង ហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើកទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់នូវលេខគណនីថ្មី ដែលជូនដំណឹងដោយមូលនិធិជាតិជំនួយសង្គម។

សូមរំលឹកថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានចេញសារលិខិត លេខ ៣៣ សលខ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២២ ដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុង ពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៕