ក្រសួងពាណិជ្ជកម្មដាក់លក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត ១៦

ភ្នំពេញ៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្តចំនួន ១៦។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្តក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។

ក្រសួងបន្តថា គម្រោងនេះបានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ២០។ នៅឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការពង្រីកការអនុវត្ដគម្រោងដដែលនៅក្នុងរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩ គឺ រាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ស្ពឺ ខេត្ដតាកែវ ខេត្ដកំពតនិង ខេត្ដព្រះសីហនុ។

ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត នេះផងដែរដោយ យោងតាមសារលិខិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”។

ការដាក់តាំងបង្ហាញលក់នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី នឹងចាប់ផ្ដើមនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងខែមីនា ខែឧសភា ខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕ ដោយ៖ ពុទ្ធិពល