តាកែវ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៣ បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចរោងចាស់ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងរត់គេចខ្លួន ០១នាក់។
របាយការណ៍នគរបាលស្រុកអង្គរបូរី ឱ្យដឹងថាជនសង្ស័យទាំងនោះ ទី១ឈ្មោះ ម៉ី វិសាល ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ និង ទី២ឈ្មោះ ធី សុខចន្ទ ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។
របាយការណ៍ដដែលបន្តថា ចំណែកជនសង្ស័យដែលរត់គេចខ្លួនឈ្មោះ សុខ មាច (ហៅ មេឃ) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា។ នគរបាលដកហូតបានសម្ភារៈមានដូចជា ម្សៅក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯឈ្មោះ សុខ មាច កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក៕