ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រកាសថា មិនញញើត នឹងប្រើគ្រប់មធ្យោបាយ ទោះដោយតម្លៃណាក៏ដោយ ត្រូវរក្សាសុខសន្ដិភាព ដើម្បីធានាដល់ការអភិវឌ្ឍជាតិ។
ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នៅយប់ថ្ងៃ៩ មីនា សម្ដេច ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណារក្សាសន្ដិសុខ ខណៈបច្ចុប្បន្នកម្ពុជា ចាប់ផ្ដើមទទួលភ្ញៀវជាតិ និងអន្ដរជាតិ នៅគ្រប់កន្លែងជាបណ្ដើៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យនូវជំងឺកូវីដ-១៩។
សម្ដេចបន្ដថា គ្មានសន្ដិភាព គ្មានការអភិវឌ្ឍ គ្មានសន្ដិភាព ក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្ដិភាព ក៏គ្មានអ្វីៗទាំងអស់។ ដូច្នេះ សម្ដេចអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួបរួមគ្នាដើម្បីរក្សាសន្ដិភាពដែលរកបាន ដោយលំបាក ដោយមិនត្រូវឲ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសនេះ ទោះក្នុងតម្លៃណាក៏ដោយ ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសន្ដិភាពនេះឲ្យខានតែបាន។
សម្ដេចបញ្ជាក់ថា «យើងនៅតែបន្ដផ្ដល់អាទិភាព ទៅលើកិច្ចខិតខំប្រឹងប្រែង រក្សានូវសន្ដិភាព ក្នុងប្រទេសយើង យើងមិនខ្វល់ថាមានអ្វីកើតឡើង នោះទេ អ្នកណាក៏ដោយដែលមានបំណង ឬធ្វើសកម្មភាព ដើម្បីបំផ្លាញសន្ដិភាពនៅក្នុងប្រទេសរបស់យើង ។យើងមិនញញើតជាមួយប្រើគ្រប់មធ្យោបាយ និងវិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្ដិភាព ធានាដល់ការអភិវឌ្ឍរបស់ប្រទេសយើង»។
សម្ដេចថា សន្ដិភាព ត្រូវដើរមុនអ្វីៗទាំងអស់ បើគ្មានសន្ដិភាព កុំនិយាយដល់ប្រជាធិតបេយ្យ ឬសិទ្ធិមនុស្ស ត្រូវគិតដល់សិទ្ធិរស់រានដល់ជីវិតជាមុន៕