កំពង់ធំ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាសថារាជរដ្ឋាភិបាល បានសម្រេចអនុម័តឱ្យប្រើប្រាស់ឥណទាន ក្នុងការសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដែលគម្រោងនេះនឹងត្រូវអនុវត្តនៅឆ្នាំ២០២៤ខាងមុខ។
ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើង ក្នុងពេលដែលសម្តេចអញ្ជើញជាអធិបតី បើកជាផ្លូវការ ពិធីបុណ្យទន្លេលើទី ៧ ក្រោមប្រធានបទ « ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត » នៅខេត្តកំពង់ធំនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។
សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសនៅក្នុងពិធីបុណ្យឆ្លងទន្លេនៅក្នុងខេត្តកំពង់ឆ្នាំងម្តងរួចមកហើយ កាលពីឆ្នាំ២០១៩ ដោយទាំងកសាងផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន ឱ្យដឹងដែឬថា ក្រោយពី សម្តេច ហ៊ុន សែន ប្រកាសពីគម្រោងសាងសង់ស្ពានេះ កាលពីឆ្នាំ២០១៩ ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនេះ ក្រសួងបានធ្វើការសិក្សាគម្រោងស្ពាននេះ គឹមិនមានផលប៉ះពាល់បរិស្ថាន និងសង្គមនោះទេ ។
បើតាសម លោក ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវ ៥០សេមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា និងតាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក៕