ស៊ីម៉ាក់បើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា

សៀមរាប៖ អង្គភាពស៊ីម៉ាក់បានរៀបចំពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជាដំណាក់កាលទី ៣ ដើម្បីគាំទ្រអង្គភាពCMAC ក្នុងឆ្នាំ២០២៣ សម្រាប់ប្រតិបត្តិការនៅក្នុងភូមិសាស្រ្ដខេត្តចំនួន០៣រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួនចំនួន៤.៤លានដុល្លារអាមេរិក។

ពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ត្រូវបានធ្វើឡើងនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ ក្រោយអធិបតីភាពលោក ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក WANG Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ ថ្លែងក្នុងពិធីនេះថា ជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន១៣.២លានដុល្លារអាមេរិក ដែលត្រូវរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅខេត្តទាំង៣ខាងលើជាង១០០គីឡូម៉ែតក្រឡា។

លោកបន្តថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន១០លានដុល្លារ អាមេរិក។

លោកបន្តថា ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពCMACបានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤.៩២២.៧៨៤ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់។ គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋសរុបចំនួន២១៤.៦៦១គ្រួសារ។

លោកបញ្ជាក់ថា ចំពោះសមិទ្ធផលក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមគិតត្រឹមចុងឆ្នាំ២០២២កន្លងទៅនេះសម្រេចបានលទ្ធផលមានជាអាទិ៍ដូចជា បោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៥១.៧៩០.៨៦៥ ម៉ែត្រក្រឡា រុករកឃើញកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន២៩.១៨៥គ្រាប់។

បើតាម លោកហេង រតនា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទដែលជំនួយមនុស្សធម៌នេះ មិនត្រឹមតែលុបបំបាត់ការភ័យខ្លាចចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមបង្កេីនសុខសន្តិភាពផ្លូវកាយផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមកម្ពុជាកាន់តែរីកចំរើនខ្លាំងក្លាថែមទៀត។

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា ការបើកការដ្ឋានប្រតិបត្តិការបោសសំអាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនាពេលនេះ ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា គឺជាចក្ខុវិស័យផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥”៕