រដ្ឋមន្ត្រីសុខាភិបាលឱ្យមានវិធានការ និងពង្រឹងលើ មជ្ឈមណ្ឌលកែសម្ផស្ស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ស្នើឱ្យអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត មានវិធានការ និង ពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យតាមដាន និងវាយតម្លៃគុណភាពសេវានៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសេវាកែសម្ផស្ស (មជ្ឈមណ្ឌលកែសម្ផស្ស)។

ការណែនាំរឱ្យមានវិធានការ បស់លោក ម៉ម ប៊ុនហេង ធ្វើឡើងនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ និងបន្ទាប់ពីក្រសួងសុខាភិបាល បានសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីវះកាត់ដើមទ្រូងស្ត្រីម្នាក់ស្លាប់ ដើម្បីបន្ត នីតិវិធីច្បាប់ចំពោះអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធ។

ក្នុងលិខិតណែនំា លោក ម៉ម ប៊ុនហេង បញ្ជាក់ថា ដើម្បីធានាសេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈ សុខាភិបាល ក្រសួងសុខាភិបាលសូមធ្វើការណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ចុះត្រួតពិនិត្យ ជាប្រចាំលើមន្ត្រីកំពុងបម្រើការងារនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ត្រូវតែអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ លិខិតបទដ្ឋានគតិយុត្តិ និងច្បាប់ជាធរមាន។

លោកបន្តថា ក្រសួងសុខាភិបាល និងក្រុមគណៈវិជ្ជាជីវៈសុខាភិបាលនឹងជួយបណ្តុះបណ្តាល តាមការចាំបាច់ ដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត អំពីការងារត្រួតពិនិត្យ តាមដាន អភិបាលកិច្ច ផ្នែកគ្លីនិក នៅគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីធានាថាសេវាថែទាំសុខភាពដែលបានអនុញ្ញាតគឺបានអនុលោមទៅតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដែលបានកំណត់។

កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ មានករណីស្ត្រីវ័យ ប្រមាណ៤១ឆ្នាំ បានស្លាប់ក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អឹម ២៥ ប៊ីយូធី បន្ទាប់ពីចូលទទួលសេវាវះកាត់កែដើមទ្រូង។ ស្ត្រី រងគ្រោះមានឈ្មោះ ឃុន ចន្នី មានទីលំនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត បានសុំស្វាមីរបស់ខ្លួនធ្វើដំណើរមក រាជធានីភ្នំពេញ ដើម្បីកែច្រមុះឱ្យស្រស់ស្អាតជាងមុន ប៉ុន្តែមក ដល់មជ្ឈមណ្ឌលកែសម្ផស្សខាងលើនេះ បែរជាកែដើមទ្រូងទៅវិញ។

សពស្ត្រីរងគ្រោះខាងលើ ក្រោយពីសមត្ថកិច្ចពាក់ព័ន្ធកោសល្យវិច័យរួចរាល់ បានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ដោយ៖ ពុទ្ធិពល