សម្តេច ហ៊ុន សែន ៖ កុំយកជីវិតប្រជាជនកម្ពុជា ទៅធ្វើតេស្តឱសថទើបរកឃើញថ្មី

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា កុំយកអាយុជីវិតប្រជាជនកម្ពុជាទៅធ្វើតេស្តចំពោះការរកឃើញឱសថថ្មីឲ្យសោះ ។

ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៧ មីនា សម្តេចតេជោបញ្ជាក់ថា «សូមកុំយកប្រជាជនកម្ពុជាដែលគេហៅថាធ្វើតេស្តឱសថដែលគេទើបផលិតឲ្យសោះ គឺទុកឲ្យគេធ្វើតេស្តសម្រាប់ប្រជាជនគេទៅ ហើយបើមានប្រសិទ្ធភាព ចាំយើងយកមក។គេផលិតហើយគេមិនហ៊ានធ្វើតេស្តប្រជាជនគេផង បញ្ជូនឲ្យខ្មែរ ខ្មែរប្រុងទទួលអាបែបហ្នឹងខ្ញុំមិនលេងជាមួយទេ»។

សម្តេចបន្តថា នៅចាំច្បាស់គឺកម្ពុជាមិនមែនជាធុងសំរាមនៃការបោះចោលនូវបច្ចេកវិទ្យាហួសសម័យនោះទេ។

សម្ដេចបញ្ជាក់ថា​”ខ្ញុំប្រកាសនៅឆ្នាំ១៩៨៨ អីចឹងកម្ពុជា អត់ត្រូវទទួលនូវអ្វីដែលជារបស់ហួសសម័យនោះទេនរាប់ទាំងប្រព័ន្ធទាក់ទិននឹងឌីជីថលផង ។ ប្រព័ន្ធឌីជីថលនេះដែរ កុំអាចាស់នៅស្រុកយើងអាថ្មីនៅស្រុកគេ គឺអត់ទេ ។ យើង(កម្ពុជា)ឥឡូវក៏បានឆ្លើយតបនឹងបញ្ហាហ្នឹងដែរ ។ឧទាហរណ៍៖ទូរស័ព្ទស្មាតហ្វូនចេញភ្លាម នៅប្រទេសផលិតមានប្រើប្រាស់ នៅកម្ពុជាក៏មានប្រើប្រាស់ដែរ ។ អត់មានស្តុកអាចាស់ៗ មកលក់នៅស្រុកយើងទេ។ ដូច្នេះសូមឲ្យយកចិត្តទុកដាក់ពិសេសនោះបញ្ហា ម្ហូបអាហារតែម្តងដែលជាការ បង្កើនបន្ទុកតែម្ត​ង”៕ ដោយ៖ រិន ចំរើន