ភ្នំពេញ៖ នៅចំពោះមុខអង្គទូតនានា សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាសិទ្ធិនារី ៨ មិនា បានបញ្ជាក់ថាសម្តេចមិនយកប៊ិចទៅចុះហត្ថលេខាចំពោះសំណើរលើកលែងទោសដល់អ្នកនយោបាយណាដែលមានកម្រិតទោសព្រហ្មទណ្ឌ។
ការលើកឡើងរបស់សម្តេច បន្ទាប់ពីក្រុម ប្រឆាំងមានទាំងបរទេសមួយចំនួន បានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះគ្រួសារសម្តេច ពិសេសករណីមរណភាពរបស់ប្អូនថ្លៃ សម្តេច។
ការប្រកាសរបស់សម្តេចនេះ ក្រោយពេលតុលាការបានចេញសាលក្រមផ្តន្ទាទោស លោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។
ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នាព្រឹកថ្ងៃ៧ មីនា សម្តេចបានលើកឡើងថា “នៅទីនេះមានអគ្គរដ្ឋទូត មានមិត្តបរទេស មួយចំនួនបានមកកាន់ទីនេះឯកឧត្តមអស់លោក លោកស្រី តើមានដឹងទេថានៅពេលភរិយាខ្ញុំ និងខ្លួនខ្ញុំក្រុមគ្រួសារខ្ញុំកំពុងសម្រក់ទឹក ភ្នែកស្តាយប្អូនស្រីដែលបាត់បង់ជីវិតដល់លំបាក តែពួកគេបានចេញមកវាយប្រហារប្អូនស្រីខ្ញុំ ភរិយាខ្ញុំ និងក្រុមគ្រួសារខ្ញុំ បើសិនឯកឧត្តម លោកជំទាវ និងមិត្តបរទេស ជាខ្លួនខ្ញុំជាភរិយាយខ្ញុំតើអ្នកទាំងអស់ គ្នាអាចទទួលបានទេ?”។
សម្តេចលើកឡើងថា “ការគ្រប់គ្រងរដ្ឋសម្តេចមិនផ្អែកលើកបញ្ហាមនោសញ្ចេតនានោះទេ ប៉ុន្តែការអនុវត្តច្បាប់ត្រូវតែមាន ។ អីចឹងអស់លោកអាចនិយាយថាហ៊ុន សែនផ្តាច់ការ ហើយ ចូលចិត្តនិយាយតបតទៅកាន់អ្នកនេះ អ្នកនោះ តែអស់លោកអាចមើលដឹងនូវការបកស្រាយរបស់គេ ដែលវាយប្រហារមនុស្សទាំងស្លាប់ ហេតុអ្វីមនុស្សស្លាប់ហើយវាយប្រហារអីចឹង?”។
នៅចំពោះមុខបណ្តាឯកអគ្គរដ្ឋទូតជាច្រើនដែលមានទីតាំងនៅកម្ពុជា សម្តេចបញ្ជាក់ថា «ខ្ញុំសូមប្រកាសមិនចុះហត្ថលេខាណាទាំងអស់សម្រាប់ការ លើកលើងទោសឲ្យពួកអ្នកនយោបាយដែលអនុវត្តកំហុសព្រហ្មទណ្ឌ។ ដោយសារអាក្រក់ ជ្រុលហួសដូច្នេះគ្មានការលើកលែងណាមួយទេ ! បើសិនខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្នើតិរិច្ឆាន អីចឹងខ្ញុំមិនធ្វើទេ ហើយ សូមរងចាំសម័យហ៊ុន សែន ប្រើប៊ិចខ្លួនដើម្បីចុះហត្ថលេខា ស្នើសុំការលើកលែងទោសឲ្យជននេះ ឬជននោះ កុំស្រមៃ»។
សម្តេចបន្តថា សម្តេចមិនអាចទទួលយកការវាយប្រហារបែបនេះបានទេ(ប្រមាថគ្រួសារសម្តេច) ។
ជាមួយគ្នានោះដែរសម្តេចលើកឡើងថាមានអ្នកខ្លះចោទសម្តេចថាមិនយោគយល់គេ ប៉ុន្តែគេមិនបាន យល់សម្តេចនោះទេ។ដូច្នេះបើសម្តេចកាន់អំណាចហើយមិនប្រើអំណាចស្មើនឹងមិនមានអំណាចក្នុងដៃ។
សម្តេចគូសបញ្ជាក់ទៀតថា «អីចឹងទេសូមកុំសង្ឃឹមថាហ៊ុន សែន ប្រើប៊ិចចុះហត្ថលេខាលើកលែងទោសឲ្យអ្នកណា ក្នុងករណីពួកអ្នកឯងធ្វើបែបនេះ។ នេះជារឿងដែលចាំបាច់ដែលខ្ញុំប្រកាសថ្ងៃនេះ ។ ប្អូនថ្លៃខ្ញុំជាស្រី ប្រពន្ធជាស្រីហេតុអីបានគេប្រមាថដល់ថ្នាក់ហ្នឹង ហើយជនបរទេសមួយចំនួនបាននិយាយការពាការ អ្នកប្រមាថទៅវិញ។ សូមប្រាប់ថាខ្ញុំ យល់គ្រប់គ្រាន់ហើយ ខ្ញុំសូមឲ្យយល់ពីសេចក្តីថ្លៃថ្នូរបស់កម្ពុជាខ្ញុំបានហើយ»៕ ដោយ៖ រិន ចំរើន