ភ្នំពេញ៖ វិទ្យាស្ថានកំណើនបៃតងសកល GGGI គ្រោងនឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាពខ្យល់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប នៃខេត្តសៀមរាប ហើយគម្រោងសិក្សានេះដែរ គ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។
ក្នុងជំនួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ កញ្ញា Shomi Kim, តំណាង GGGI ប្រចាំកម្ពុជា បញ្ជាក់ថា លើសពីនេះគម្រោងសិក្សាទាក់ទងនឹងការគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់សុខភាពអនាម័យក្នុងការស់នៅ ក៏ត្រូវបានបញ្ចូលទៅក្នុងផែនការរបស់វិទ្យាស្ថាន ក្នុងពេលខាងមុខផងដែរ។
កញ្ញាបន្តថា ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។
បើតាម GGGI គម្រោងដែលវិទ្យាស្ថាន កំពុងអនុវត្ត និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះ ការសិក្សាបឋមសមិទ្ធិលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនសម្តែងនូវបីតិសោមនស្សចំពោះវិទ្យាស្ថាន GGGI ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តការសិក្សាស្រាវជ្រាវលើទិដ្ឋភាពផ្សេងៗនៃទ្រឹស្តីកំណើនបៃតង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។
លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើទៅវិទ្យាស្ថាន GGGI ពិនិត្យលទ្ធភាពក្នុងការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ប្រតិភូ GGGI បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើគម្រោងអភិវឌ្ឍន៍នានា ដែលទាក់ទងនឹងការលើកកម្ពស់អនាម័យ បរិស្ថាន និងបានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការងារមួយនេះ ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។
វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តររដ្ឋាភិបាល អន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើសុឆន្ទៈថា កំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៃបរិស្ថាន មិនគ្រាន់តែជាគោលបំណងដែលស្របនោះទេ ការរួមបញ្ចូលនៃកោលគំនិតទាំងពីរនេះ គឺចាំបាច់សម្រាប់អនាគតរបស់មនុស្សជាតិ។
វិទ្យាស្ថាន GGGI ធ្វើការជាមួយដៃគូក្នុងវិស័យសាធារណៈ និងឯកជន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក ដើម្បីជំរុញកំណើនបៃតង ឱ្យទៅជាស្នូលនៃផែនការសេដ្ឋកិច្ច។ កម្ពុជា តាមរយៈក្រសួងបរិស្ថាន គឺជាសមាជិកដំបូងនៃ វិទ្យាស្ថានGGGI នេះផងដែរ៕