អគ្គិភ័យត្របាក់ផ្ទះមួយខ្នងនៅខេត្តក្រចេះ គ្មានសល់ សរុបជាទឹកប្រាក់៥ ម៉ឺនដុល្លារ

ក្រចេះ៖ អគ្គិភ័យបានឆាប់ឆេះ ផ្ទះ ១ខ្នងដែលមានទំហំ ០៧x១២ ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿង និង ខូចខាតអស់ទាំងស្រុង នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ នៅចំណុចក្រោយផ្សារអូរឬស្សី ដែលស្ថិតនៅក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្ដក្រចេះ។

ករណីគ្រោះអគ្គិភ័យកើតឡើងបណ្ដាលអោយឆេះផ្ទះខូចខាតអស់ទាំងស្រុងនេះ ជាកម្មសិទ្ធិរបស់ ឈ្មោះ ទិត្យ មករា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ និងប្រពន្ធ ឈ្មោះ អូន ចាន់ធី អាយុ ៣៤ ឆ្នាំ។

ករណីអគ្គិភ័យខាងលើនេះ បានធ្វើឱ្យខូចខាត ផ្ទះមានទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿង ឆេះខូចខាតអស់ទាំងស្រុង។ ឆេះទូរឈើជាប់ជញ្ជាំង ចំនួន ០១ ។ គ្រែយក្សចំនួន ០១ គ្រឿង ។ សាឡុង ចំនួន ០១ ឈុត ។ ទូរទស្សន៍ ចំនួន ០២ គ្រឿង ។ ទូរទឹកកចំនួ ន០១ គ្រឿង ។ ម៉ាស៊ីនបោកខោអាវ ០១គ្រឿង និងសម្ភាប្រើប្រាស់មួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រហែលចំនួន ៥០.០០០ ដុល្លារ ។ មូលហេតុសំខាន់ការឆាប់ឆេះនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ករណីខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន០១គ្រឿង សរុបចំនួន ០៣គ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០៧ រថយន្ត ទើបធ្វើអោយរលត់ទាំងស្រុងនៅវេលាម៉ោង ១៣:៣០ នាទីរសៀល ថ្ងៃ.ខែ.ឆ្នាំដដែល៕ ដោយ៖ ពុទ្ធិពល