ខេត្តសៀមរាបស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍ចិនដឹកអ្នកដំណើរ 132នាក់

សៀមរាប៖ ខេត្តសៀមរាបកាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines លេខ MU2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន 132នាក់។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាបជាលក្ខណៈ Regular Flight ដោយហោះហើរក្នុង1សប្តាហ៍ចំនួន 3ជើង គឺនៅថ្ងៃអង្គារ /សុក្រ / អាទិត្យ។

តាមការព្យាករណ៍ ឆ្នាំ2023 កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ 4លាននាក់ ក្នុងនោះមានទេសចរចិនប្រមាណ 80ម៉ឺន – 1លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន 30% នៃទេសចរចិនសរុបមកកម្ពុជា។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានជើងហោះហើរជាមធ្យម 250ជើង/សប្តាហ៍ និងមានទេសចរអន្តរជាតិជាមធ្យមចំនួនប្រមាណ 1,700នាក់-1,800នាក់/ថ្ងៃ៕