សម្ដេច ហ៊ុន សែន ឱ្យយកចិត្តទុកដាក់លើអក្សរសាស្ត្រខ្មែរ ក្រោយខុសអក្ខរាវិរុទ្ធច្រើន

ភ្នំពេញ ៖ ដោយមើលឃើញការសរសេរអក្សរខ្មែរ ពីក្រុមអ្នកលេងបណ្តាញសង្គមមួយចំនួន ហាក់មិនត្រូវអក្ខរាវិរុទ្ធសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងទៅលើអក្សរសាស្ត្រខ្មែរឡើងវិញ។

នាឱកាសអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គីជាមួយសិល្បករ-សិល្បការិនី នៅថ្ងៃ២ កុម្ភៈ សម្ដេចបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសក្រុមប្រឹក្សាជាតិភាសារខ្មែរ និងក្រសួងវប្បធម៌ ត្រូវសហការគ្នា រៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់តែច្រើនឡើងៗ ក្នុងបណ្ដាញសង្គម។

សម្ដេចបញ្ជាក់ថា «ការខិតខំរបស់យើង ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាអក្សរសាស្ដ្រខែ្មរ មកដល់ពេលនេះ ការប្រើប្រាស់ភាសាខ្លះ ខ្ញុំឃើញថាការសរសេរ ដែរ ខ្ញុំទៅដែរ គឺមិនប្រើខ្ញុំទៅដែរទេ ខ្ញុំទៅដែល»។

សម្ដេចបន្ដថា ក្នុងទូរសព្ទនីមួយៗសុទ្ធតែមានវចនានុក្រម សម្តេចសង្ឃ ជួន ណាត សម្រាប់ស្វែងពាក្យគន្លឹះ ដូច្នេះ ត្រូវពង្រឹងប្រជាពលរដ្ឋចំពោះអក្សរសាស្ដ្រខ្មែរ៕ ដោយ៖ រិន ចំរើន