សៀមរាប៖ អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តដាក់សំណាញ់ការពារសត្វប្រចៀវប្រវែង ១៦0ម៉ែត្រការ៉េកុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។
លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី ១ ខែមីនាថា ការងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយ ដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។
លោកបន្តថា ប៉ុន្តែដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយបាននោម និងលាមកធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន១៦0ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕
ដោយ៖ ពុទ្ធិពល