ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរកចំណូលបាន ជិត ១១លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុរកចំណូលបាន ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។នេះ បើតាមរបាយការណ៍បង្ហាញក្នុងកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សំដៅឱ្យប្រតិបត្តិការកាន់តែមានភាពរលូន និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

រាយបារណ៍នេះបង្ហាញថា ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូន ព្រមទាំងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជាបន្តបន្តាប់ ដើម្បីជំរុញឱ្យចំនួនចរាចរណ៍កាន់តែមានការកើនឡើង ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធផងដែរ៕
ដោយ៖ ពុទ្ធិពល