ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទូន្មានក៏ដូចជាដាស់តឿនដល់មិត្តបរទេស កុំកសាងកំហុសជាលើកទី៣មកលើទឹកដីកម្ពុជា ក្រោយធ្លាប់គាំទ្ររដ្ឋប្រហារនៅកម្ពុជា ដោយបើកដៃឲ្យរបបប៉ុលពតវាតទីធ្វើឲ្យប្រជាជនកម្ពុជាស្លាប់ជាច្រើនលាននាក់។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃ១ មីនា សម្តេចបានមានប្រសាសន៍ថា «ខ្ញុំសូមរំលឹកដល់មិត្តបរទេសកុំកសាងកំហុសជាលើកទី៣”។
កំហុសដែលសម្តេចបានលើកឡើងនោះមាន ៖ ទី១ អ្នក(បរទេស)អះអាងខ្លួនជាអ្នកប្រជាធិបតេយ្យប៉ុន្តែបែរជាគាំទ្រចំពោះរដ្ឋប្រហារនៅក្នុងទីក្រុងភ្នំពេញនាឆ្នាំ១៩៧០ ។ ចំណុចនេះ សម្តេចក៏បានថ្លែងការវាយបកថា “ពួកអ្នកឯងតែងតែអួតថា អ្នកប្រជាធិបតេយ្យ ប៉ុន្តែគាំទ្ររដ្ឋប្រហារមួយនៅកម្ពុជាដែលធ្វើឲ្យប្រទេសមួយនេះ ទៅកាន់សង្គ្រាមមួយ ហើយបើកផ្លូវឲ្យពួកប៉ុលពតបានវិលត្រឡប់” ។
ចំពោះកំហុសទី២៖ តើអ្នកនាំចាំទេ?ថាអ្នកបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ១៩៧៩-១៩៩១។ “ពួកអ្នកមិនដែលបង្ហាញអំពីការសោកស្តាយចំពោះឥរិយាបថនយោបាយការបរទេសរបស់អ្នកចំពោះប្រទេសខ្ញុំទេ។ អីចឹងខ្ញុំគ្រាន់តែទូន្មានឬផ្តល់យោបល់ដល់អ្នកឯងថា សូមកុំកសាងកំហុសជាលើកទី៣នៅកម្ពុជា» ។
សម្តេចបន្តថា ពាក្យក្រើនរំលឹកនេះធ្វើឡើងនៅពេលជួបជាមួយមិត្តបរទេសមួយចំនួន ហើយតាំងខ្លួនជាអ្នកប្រទេសជាធិបតេយ្យ ទើបសម្តេចចង្អុលបង្ហាញ ប៉ុន្តែមានអ្នកខ្លះបាននិយាយថានេះកំហុសធំណាស់នៅក្នុងអតីតកាល ។
សម្តេចក៏បានបន្ថែមថា ប្រទេសជាមិត្តមួយចំនួនមិនដែលបានធ្វើការសុំទោសនូវអ្វីដែលគេធ្វើមកលើកម្ពុជា ឬសម្តែងការសោកស្តាយនោះទេ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងកេរ្តិ៍មរតកដែលប៉ុលពតបន្សល់ទុក គឺគ្មានអ្វីក្រៅពីផលវិបាករាប់មិនអស់ ដូចជាស្ត្រីមេម៉ាយ កុមារកំព្រា ប្រជាជនត្រូវជម្លៀសពីកន្លែងមួយទៅកន្លែង ដោយត្រូវរែក ចាន ឆ្នាំង កូន។
សម្តេចក៏បានឲ្យដឹងទៀតថា បរទេសខ្លះមិនគ្រាន់តែគាំទ្រនៅអង្គការសហប្រជាជាតិដើម្បីដោះស្រាយជាមួយកម្ពុជាទេ ផ្ទុយទៅវិញថែមទាំងដាក់ទណ្ឌកម្មចំពោះកម្ពុជាទៀត ៕
ដោយ៖ រិន ចំរើន