ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ ព្រោះជាសក្ខីភាព គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការរីកចម្រើន។
នាកាសអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ម៉ៃឃើល មីឆាឡាក់ ( Michael Michalak) អនុប្រធានជាន់ខ្ពស់ ជានាយកគ្រប់គ្រងប្រចាំតំបន់ នារសៀលថ្ងៃ២៨ កុម្ភៈ សម្ដេច បញ្ជាក់ថា “គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ ។ អ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការរីកចម្រើន ប្រជាជននៅសហរដ្ឋអាមេរិក ប្រើប្រាស់សម្ភារៈផលិតនៅកម្ពុជា ហើយប្រជាជនកម្ពុជា មានការងារធ្វើ នេះហើយ ជាអ្វីដែលយើងនឹងជំរុញបន្តទៅមុខទៀត”។
នាឱកាសនោះ លោក ម៉ៃឃើល មីឆាឡាក់ បានឲ្យដឹងថា គោលបំណងរបស់គណៈប្រតិភូមកកម្ពុជាដើម្បីគាំទ្រដល់ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយស្វែងរកមធ្យោបាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង លើកកម្ពស់វិស័យឯកជនរបស់សហរដ្ឋអាមេរិកសម្រាប់ជាប្រភពសំខាន់នៃការយល់ដឹង ការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្ថែមថា ពិសេសក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងឧស្សាហកម្មដែលមានស្រាប់ ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមសេវាកម្ម និងឧស្សាហកម្មឲ្យកាន់តែខ្ពស់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន ៕ ដោយ៖ រិន ចំរើន