ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
សម្ដេចលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ ដាវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដាវីត នេអូ បានសម្ដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេស រវាងកងទ័ព និងកងទ័ព ។ លោកបានពិភាក្សាជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយក៏បានកំណត់នូវគោលដៅកិច្ចសហប្រតិបត្តិការនៅពេលខាងមុខកាន់តែខ្លាំងឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។ សម្ដេចតេជោ បញ្ជាក់ថា «លើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស»៕ ដោយ៖ រិន ចំរើន