រដ្ឋមន្ត្រីការងារ ណែនាំមន្ត្រី ប.ស.ស. ត្រូវបន្តបម្រើសេវាសង្គម ដោយភាពទន់ភ្លន់ និងក្រមសីលធម៌

ភ្នំពេញ៖ លោក សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក នៃរបស់បេឡាជាតិសន្តិសុខសង្គម ត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។

ការណែនាំរបស់លោក រដ្ឋមន្ត្រី អ៊ិត សំហេង ធ្វើឡើងនៅក្នុង ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. ។

លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ បេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគី (តំណាងរាជរដ្ឋាភិបាលមកពីអន្តរក្រសួង តំណាងនិយោជក និងតំណាងកម្មករនិយោជិត) ព្រមទាំងក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន ដៃគូរពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវ រហូតទទួលបាននូវសមិទ្ធិផលគួរជាទីមោទនៈ។

លោកបញ្ជាក់ថា បើគ្មានការខិតខំប្រឹងប្រែង ហើយធ្វើបានយ៉ាងល្អទេនោះ ប.ស.ស. ក៏មិនទទួលបានការកោតសរសើរពីសំណាក់អន្ដរជាតិ នៃប្រទេសដែលជាដៃគូរអភិវឌ្ឍន៍នោះឡើយ។ ជាក់ស្តែងសម្រាប់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ ប.ស.ស. បានអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជោគជ័យ ជាពិសសបានទទួលនូវពានរង្វាន់ឆ្នើមពីសមាគមសន្ដិសុខសង្គមអាស៊ានសរុបចំនួន ០៧លើក ក្នុងនោះក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះមួយលើករួចមកហើយដែរក្នុងឆ្នាំ ២០២១ កន្លងមកនេះ។

ជាមួយគ្នានេះ លោក បានជំរុញឱ្យបន្តយកចិត្តទុកដាក់និងលើកទឹកចិត្តក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតពាក់ព័ន្ធនឹងពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ. ពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន, ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងពង្រឹងការងារអភិបាលកិច្ច ដើម្បីធានាឱ្យការផ្តល់សេវាខាងលើមានគុណភាព និងទាន់ពេលវេលា។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនដែលទើបដាក់ឱ្យអនុវត្តថ្មីៗនេះ ទាំងវិស័យឯកជន និងវិស័យសាធារណៈ។

លោកបន្តថា គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារ បានចុះបញ្ជីសរុបចំនួន ២០ ៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧ ៨២១សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនមានចំនួន ១៤ ៣៥២សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន ២ ៧០៦នាក់។

លោកបន្ថែមថា ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់។ ដោយឡែកក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម បានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន ២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន ៣២៣.២៨ប៊ីលានរៀល។

បើតាមលោក អ៊ិត សំហេង បេឡាជាតិសន្តិសុខសង្គម ជាសេនាធិការក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ដែលមានក្រសួងជាអាណាព្យាបាលពីរ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។ បេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធននៅឆ្នាំ២០២២ ព្រមទាំងការអនុវត្ដផ្នែកថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ដ្រីពេលសម្រាលកូននៅឆ្នាំ២០១៨។ ដោយឡែក សម្រាប់វិស័យសាធារណៈបានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៨ និងផ្នែកហានិភ័យការងារនៅឆ្នាំ២០២១៕ ដោយ៖ ពុទ្ធិពល