ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលឡើងមកជាស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមប្រកាសស្តីពីការតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
កាលពីថ្ងៃ២៧ កុម្ភៈ តាមរយៈអនុក្រឹត្យប្រមុខរាជរដ្ឋាភិបាល បានចេញផ្សាយជាសាធារណសម្រេចបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយឲ្យលោកឧត្តមសេនីយ៍ ផាន់ សុផល ឡើងជំនួសវិញ ។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដដែល ក៏បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាកូនប្រុសលោក ព្រុំ សុខា រដ្ឋមន្រ្តីមុខងារសាធារណៈ ចេញពីស្នងការដ្ឋានគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ ។
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យដែលចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែនវិញ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនប្រុសលោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្នជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ខណៈលោក ឈឿន សុខចិត្រ ជាបងប្រុស ជាស្នងការខេត្តកណ្តាល ៕ ដោយ៖ រិន ចំរើន