ភ្នំពេញ៖ ក្រុមហ៊ុនប៊ូយ៉ុងគ្រុប របស់ប្រទេសកូរ៉េ បានផ្តល់រថយន្តក្រុងថ្មីចំនួន ២០០គ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូនក្នុងកំឡុងពេលរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងក្នុងពិធីប្រគល់ ទទួល រថយន្តក្រុងចំនួន ២០០គ្រឿងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្លែងថា រថយន្តក្រុងថ្មីនេះនឹងរួមចំណែកធានាសុវត្ថិភាព និងនិរន្តភាព ក្នុងការផ្តល់សេវាដឹកជញ្ជូនដល់ព្រះសង្ឃ កីឡាក កីឡាការិនី សិស្ស និស្សិត កម្មករ កម្មការិនី ដែលត្រូវបានរាជរដ្ឋាភិបាលលើកលែងការបង់ថ្លៃធ្វើដំណើរក៏ដូចជាប្រើប្រាស់សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ។
លោកថ្លែងថា៖« រថយន្តក្រុងថ្មីនេះក៏គ្រោងដាក់ឱ្យប្រើប្រាស់លើផ្លូវអទិភាពដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ ដើម្បីជួយដោះស្រាយការកកស្ទះចរាចរណ៍បានមួយកម្រិតថែមទៀត»។
ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងបុគ្គលិករដ្ឋការស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ ជាពិសេសបុគ្គលិកផ្នែកបើកបរ សេវាជួសជុលថែទាំ ត្រូវចូលរួមថែទាំទាំងអស់គ្នាចំពោះសមិទ្ធផលរថយន្តក្រុងថ្មីចំនួន២០០គ្រឿង ដែលជាទ្រព្យសម្បត្តិរដ្ឋឱ្យបានល្អប្រសើរ ដើម្បីប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ធ្វើដំណើរក្នុងរាជធានីភ្នំពេញ៕ ដោយ៖ ពុទ្ធិពល