តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីការចុះប្រតិបត្តិការត្រួតពិនិត្យការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១។
ប្រតិបត្តិការនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ដោយក្រុមការងារចម្រុះដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ។
គោលដៅចុះប្រតិបត្តិការនេះ គឺនឹងធ្វើឡើងនៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។
ទន្ទឹមនឹងគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បានអំពាវនាវឱ្យម្ចាស់យានយន្តដែលមិនទាន់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះឆ្នាំ២០២១ រួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់នៅអគ្គនាយកដ្ឋាន ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ និងធនាគារដែលមានកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ ថា ការរួសរាន់ទៅបង់ពន្ធនេះ គឺដើម្បីជៀសវាងក្រុមការងារចម្រុះធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងស្ទះចរាចរណ៍ធ្វើដំណើរ៕