ភ្នំពេញ ៖ មិនយូរទៀតទេ កម្ពុជានឹងចាក់ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការចេញនេះ នឹងធ្វើឲ្យកម្ពុជាអាចខាតនូវអត្រាការប្រាក់ការខ្ចីបុលពីប្រទេសជាដៃគូ ប៉ុន្តែដើម្បីកុំឲ្យខាតការប្រាក់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពាវនាវឲ្យដៃគូនានា បន្ដផ្ដល់អត្រាការប្រាក់សម្បទាន។
សម្តេចបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃ២៧ កុម្ភៈថា កម្ពុជានឹងចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ ពីកម្ចីអង្គការអភិវឌ្ឍន៍។
សម្ដេចបញ្ជាក់ថា «ឥឡូវមិនយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលខ្ញុំកំពុងបារម្ភទៅវិញទេ ។ ហេតុអ្វីត្រូវបារម្ភ កាលណាយើងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច យើងទៅខ្ចីលុយគេ គេលែងឲ្យយើងខ្ចីតាមអត្រាការប្រាក់សម្បទានហើយ គេឲ្យយើង ខ្ចីលុយតាមអត្រាការប្រាក់ពាណិជ្ជកម្ម។ បើអ្នកឯងក្រ អាហ្នឹង គឺគេឲ្យអត្រាការប្រាក់សម្បទាន»។
សម្ដេចឲ្យដឹងទៀតថា កម្ពុជា នឹងបន្តស្នើឲ្យមានការអនុគ្រោះដល់កម្ពុជា ខណៈនាពេលកន្លងទៅ សម្ដេចក៏បានធ្លាប់ប្រាប់មិត្ត ជប៉ុន កូរ៉េខាងត្បូង ចិន និងធនាគារអភិវឌ្ឍអាស៊ី ឲ្យបន្ដនូវការផ្ដល់អត្រាការប្រាក់សម្បទាន។
សម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ទៀតថា «ចឹងកាលពេលមុន កម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខ្ញុំបានប្រាប់គេថា ទោះបីយើងខ្ញុំ ចូលទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក៏សូមមេត្តាផ្ដល់ការអនុគ្រោះឲ្យយើងខ្ញុំ អំពីបញ្ហាអត្រាការប្រាក់សម្បទាន។ ខ្ញុំនិយាយជាមួយ ជប៉ុន កូរ៉េខាងត្បូង ជាមួយចិន ជាមួយនឹងធនាគារអភិវឌ្ឍអាស៊ី សូមឲ្យបន្ដនូវការផ្ដល់អត្រាការប្រាក់សម្បទាន។ ឥឡូវនៅពេលខាងមុខ មិនយូរប៉ុន្មានទេ ប្រទេសកម្ពុជាចាក់ចេញពីប្រទេសអភិវឌ្ឍតិចតួច អីចឹងយើងនៅតែអំពាវនាវដៃគូររបស់យើង ផ្ដល់ឲ្យយើងនូវអត្រាការប្រាក់សប្បទានបន្ដទៀត»៕ ដោយ៖ រិន ចំរើន