ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា រាជរដ្ឋាភិបាលសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។
ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ពិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វានៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅអំឡុងពាក់កណ្តាលឆ្នាំ២០២៣នេះហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ គឺស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ផងដែរ។
គម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ មានប្រវែងសរុប ១៣៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីរាជធានីភ្នំពេញ កាត់តាមខេត្តកណ្តាល ព្រៃវែង រួចទៅដល់ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម។ ផ្លូវល្បឿនលឿននេះ គ្រោងចំណាយថវិកាសាងសង់ជាង ១,៦ពាន់លានដុល្លារ៕ ដោយ៖ ពុទ្ធិពល