ភ្នំពេញ ៖ ក្នុងឱកាសខួប១ឆ្នាំ(២៤ កុម្ភៈ ២០២២-២៤ កុម្ភៈ ២០២៣) នៃសង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កំពុងរង់ចាំមើលតើថាមានបណ្តាប្រទេសមហាអំណាចណាមួយ ឬប្រទេសនានា ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធទៅនឹងសង្រ្គាមរវាងទាំង២។
ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅកោះពេជ្រ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោមានប្រសាសន៍ថា ថ្ងៃនេះ គឺខួបមួយឆ្នាំ ចំពោះរុស្ស៊ី នាំកងទ័ពចូល អ៊ុយក្រែន «ថ្ងៃនេះ យើងរងចាំមើលបណ្ដាប្រទេសនានា តើប្រទេសណាខ្លះ? ចេញសេចក្តីថ្លែងការណ៍របៀបណាខ្លះ? បញ្ហាទាក់ទងរវាងរុស្ស៊ី-អ៊ុយក្រែន យើងកំពុងរងចាំការស្ដាប់ជាមួយនឹងសេចក្ដីថ្លែងការណ៍នៃមហាអំណាច លើប្រទេសនានាទាក់ទងបញ្ហានេះផងដែរ»។
គួរឲ្យដឹងថា សង្គ្រាមនៃប្រទេសទាំង២ មិនត្រឹមតែខាតបង់ត្រឹមតែក្នុងប្រទេសរៀងៗខ្លួនប៉ុណ្ណោះទេ តែពិភពលោកទាំងមូលទទួលរងនូវឥទ្ធិពលពីសង្គ្រាមនេះដូចគ្នា ទាំងផ្នែកសេដ្ឋកិច្ច ជាពិសេស តម្លៃប្រេងឡើងថ្លៃយ៉ាងគំហុក។ មុនប៉ុន្មានថ្ងៃនៃឱកាសជិតខួបមួយឆ្នាំនេះ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកក៏បានទៅជួបលោក ហ្សាលីន ស្គី លើទឹកដីអ៊ុយក្រែន ខណៈលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក៏បានជួបលោក ពូ ទីន ប្រធានាធិបតីរុស្ស៊ីផងដែរ៕ ដោយ៖ រិន ចំរើន