មណ្ឌលគិរី៖ នៅទូទាំងខេត្តមណ្ឌលគិរីបច្ចុប្បន្ននេះមានមនុស្សចាស់សរុបចំនួន ៥,៩៥៨នាក់ ដែលស្មើនឹង ៦.១១% នៃប្រជាជនសរុបនៅក្នុងខេត្ត។នេះ បើតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
របាយការណ៍នេះបន្តថា ដូចនេះ មនុស្សចាស់មានចំនួនច្រើន ដែលមានតម្រូវការចាំបាច់ក្នុងការយកចិត្តទុកដាក់ និងគិតគូរអំពីការថែទាំសុខមាលភាព និងបញ្ហាជីវភាពរស់នៅរបស់ពួកគាត់ និងទាមទារឲ្យមានការចូលរួមសហការពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់។
លោកស្រី ប្រាក់ ប៊ុននឿម អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តថ្លែងក្នុងពិធីវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹង និងគ្រប់គ្រងសមាគមមនុស្សចាស់ ឱ្យដឹងថា មនុស្សចាស់គឺជាធនធានដ៏មានសារៈសំខាន់បំផុត ក្នុងការផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ដ៏ច្រើនលើសលប់ សម្រាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាទុកនូវសមិទ្ធិផលជាតិ និង ស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ។
លោកស្រីថ្លែងថា៖ «ចំណុចទាំងអស់នោះ យើងអាចមើលឃើញថា មរតកទាំងអស់នេះមិន អាចកាត់ផ្ដាច់បាននូវគុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យេីងបានឡើយ»៕ ដោយ៖ ពុទ្ធិពល