ខេត្តតាកែវទៀតហើយ ! ក្មេងទំនើង ៤នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគប់កញ្ចាក់រថយន្តគេ

តាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៃខេត្តតាកែវ បានស្រាវជ្រាវឈានដល់ការបង្ក្រាបបានមុខសញ្ញាក្មេងទំនើងចំនួន ៤នាក់ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចាក់រថយន្ត) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦:១៥នាទី នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា ពួកគេបានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា EaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ ៤២ឆ្នាំ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជនានីភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីរខេត្តកំពត ទៅរាជនានីភ្នំពេញ បណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត និងចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ។

ជនសង្ស័យមានឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិច ពណ៌សខៀវ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ តាកែវ1.Z7296, ឈ្មោះ ជុំ ចាន់ភារក្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ដកហូតវត្ថុតាងម៉ូតូម៉ាកនិច ពណ៌សខៀវ ស៊េរី២០២៣ ពាក់ផ្លាកលេខ តាកែវ1.A B5578, ឈ្មោះ អ៊ុន យូភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម, ឈ្មោះរី យ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ លី ស៊ីអាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អ៊ិចស៊ិនទរ័ បានរត់គេចខ្លួនបាត់។

ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង ៤នាក់ បានសារភាពថា នៅថ្ងៃកើតហេតុពួកខ្លួនទាំង៥នាក់ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូ តាមផ្លូវជាតិលេខ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទ័រ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ពុទ្ធិពល