ទីលានទុកដាក់សំរាមស្ថិតនៅក្នុងខេត្តចំនួន ២ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ៖ ទីលានទុកដាក់សំរាម ស្របតាមបទដ្ឋានបច្ចេកទេស ២កន្លែង ក្នុងចំណោម១២កន្លែង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានប្រារព្ធពិធីប្រគល់-ទទួល ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ត្រូវបានធ្វើឡើងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមអធិតីភាព លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រសួង ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរដែនដីក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។

ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៦៤ ហិចតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជំរៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១២០.០០០ ម៉ែត្រគីប។

គម្រោងនេះបានចំណាយថវិការសាងសង់ប្រមាណ ១,៣៩ លានដុល្លារអាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។

ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់ ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១៥,៥០ ហិចតា ស្ថិតក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កន្លែងទុកដាក់សំរាមត្រូវបានរចនាឡើងជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗមានក្រឡាផ្ទៃ ០,៧២ ហិចតា (បណ្ដោយ៨៥ម៉ែត្រ ទទឹង៨៥ម៉ែត្រ និងជំរៅ០,៦៥ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាមបានចំនួន ១៤០.០០០ ម៉ែត្រគីប។

គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារអាមេរិក ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម៕ ដោយ៖ ពុទ្ធិពល