ប្រុងប្រយ័ត្ន! សត្វស្វានៅតំបន់រមណីយដ្ឋានអង្គរកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរ

សៀមរាប៖ សត្វស្វានៅតំបន់រមណីយដ្ឋានអង្គរកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាអំពាវនាវ ដល់សាធារណជនទាំងអស់បញ្ឈប់ផ្តល់ចំណីដល់សត្វស្វាទាំងនោះ ដើម្បីថតរូបភាពសត្វស្វាយកទៅធ្វើអាជីវកម្ម និងដើម្បីឱ្យស្វាទាំងនោះរស់បែបធម្មជាតិ និងមិនរំពឹងលើការឲ្យចំណីដោយមនុស្ស។

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២២ ខែកុម្ភៈនេះឱ្យដឹងថា ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។

លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅ ប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ បានបង្កការរំខាន ដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោកបញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានដែរ។

ដូចគ្នានេះដែរ នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។ លោក សៀន បណ្ឌិត ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត៕ ដោយ៖ ពុទ្ធិពល