កម្ពុជា ស្វាគមន៍អ្នកវិនិយោគវ៉ែត ចង់បណ្តាក់ទុនវិស័យប្រេង និងឧស្ម័ន

ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានប្រកាសស្វាគមន៍ចំពោះអ្នកវិនិយោគមកពីប្រទេសកូវ៉ែតដែលមានបំណងចង់វិនិយោគលើវិស័យប្រេង និងឧស្ម័ន ក្នុងគ្រាកម្ពុជាកំពុងមានប្លុក offshore ចំនួន៤ និងប្លុក onshore ចំនួន១៨ទៀត ។

ការប្រកាសរបស់លោករដ្ឋមន្រ្តីនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរជាមួយ លោក Mohamad S. ALHAJRI ឯកអគ្គរដ្ឋទូតរដ្ឋកូវ៉ែតប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ លោកទូត បានស្វែងយល់ពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពលប្រេង និងឧស្ម័ននៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោក ស៊ុយ សែម ថ្លែងថា «ស្វាគមន៍វិនិយោគិនកូវ៉ែតដែលមានបំណងចង់វិនិយោគលើវិស័យប្រេង និងឧស្ម័នដែលបច្ចុប្បន្ន កម្ពុជាមានប្លុក offshore ចំនួន៤ និងប្លុកonshore ចំនួន១៨ ទៀត ដែលស្វាគមន៍ការវិនិយោគ»។

លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឲ្យមានការវិនិយោគលើវិស័យថាមពល និងធនធានរ៉ែ ព្រោះបច្ចុប្បន្នអាចធ្វើការងារបានគ្រប់ទីកន្លែងមិនថា ក្នុងព្រៃជ្រៅ ឬតំបន់ដាច់ស្រយាល ដោយសារពេលនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជាបានបរាជ័យលើការរុករកប្រេងម្តងរួចមកហើយ កាលពីអំឡុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនរុករកប្រេងឈ្មោះ Kris Energy របស់សិង្ហបុរី កាលពីឆ្នាំ២០២០ ។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសពីដំណក់ប្រេងលើកដំបូងរបស់កម្ពុជាដែលបានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា រុករកដោយក្រុមហ៊ុន Kris Energy មកពីសិង្ហបុរី ប៉ុន្តែជាអកុសលបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោមិនដល់១ឆ្នាំស្រួលបួលផង ស្រាប់តែនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១សម្តេចតេជោ ក៏បានប្រកាសពីការបរាជ័យចំពោះការវិស័យប្រេងនេះទៅវិញ ដោយសារក្រុមហ៊ុនក្ស័យធន ហើយកប៉ាល់ដឹកប្រេងនោះក៏រត់គេចចេញពីកម្ពុជាដែរ៕ ដោយ៖ រិន​ ចំរើន