ឯកអគ្គរដ្ឋទូតកូរ៉េ៖ ជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រជួយនឹងជំរុញសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេនៅកម្ពុជា ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។

ការអះអាងរបស់លោកឯកអគ្គរដ្ឋទូត Park Jung Wook ធ្វើឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋភិបាលកម្ពុជា ។

លោកបន្តថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។

លោកបន្ថែមថា ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានយល់ស្របចំពោះការវាយតម្លៃលើភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំពីរ ពីសំណាក់លោកឯកអគ្គរដ្ឋទូត។

សម្តេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។

សម្តេចក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ពុទ្ធិពល