លោក ហ៊ុន ម៉ានីបង្ហាញមោទនភាពក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបង្ហាញមោទកភាព និងមានកិត្តិយសជាទីបំផុត ដែលទទួលបានសេចក្តីទុកចិត្ត និងអនុញាត ចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើទំព័រហ្វេសបុករបស់លោក នៅថ្ងៃទី ២០ ខែកុម្ភៈថា ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលយើងអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សាស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ។

លោក សរសេរថា «ខ្ញុំ និងសហការី សូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកោតសរសើរដល់អគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ដែលបានខ្នះខ្នែងរៀបចំសម្របសម្រួលដំណើរការក្នុងការនាំយកមកវិញនូវគ្រឿងអលង្ការទាំង៧៧គ្រឿង។ នេះជាកាយវិការមួយដែលគួរឲ្យកោតសរសើរ ដែលជាគម្រូមួយ ដែលយើងសង្ឃឹមថានឹងមានការចូលរួមពីអ្នកដទៃផ្សេងទៀត»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ជាតំណាងន រាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លីស ឡាតហ្វដ (Douglas Latchford) វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសារលោក ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។

ក្រសួងបន្តថា បន្ទាប់ពីវត្ថុបុរាណ ខ្មែរធ្វើពីថ្មនិងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ២០២១កន្លងមក នាថ្ងៃទី ១២ កុម្ភះ ឆ្នាំ២០២៣ ក្រុមការងារកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រម ទាំងមន្ត្រីជំនាញកម្ពុជាបានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿងថែមទៀតពីក្រុមគ្រួសារលោកឡាតហ្វដ។

បើតាមក្រសួងវប្បធម៌ ការប្រគល់-ទទួលរតនវត្ថុទាំងនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់គណៈប្រតិភូ កម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំ ចក្រភពអង់គ្លេស និងតំណាងនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេស និងខន់វែលនៃចក្រភព អង់គ្លេស អង្គភាពសិល្បៈនិងបុរាណវត្ថុនៃស្នងការដ្ឋានគរបាលក្រុងឡុងដ៍ និងក្រុមប្រឹក្សាសិល្បៈអង់ គ្លេស។


គ្រឿងអលង្ការបុរាណខ្មែរនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូច ជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿង អលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C, Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក៕ ដោយ៖ ពុទ្ធិពល